ខេត្តសៀមរាប ៖អគ្គិភ័យ ឆាបឆេះផ្ទះលក់គ្រឿងអគ្គិសនីយីហោ សៀមរាប ឡៃតិ៍ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ តែមិនមាននរណាម្នាក់រងបួស ឬស្លាប់នោះទេ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។
នៅក្នុងហេតុការនោះគេសង្គេតឃើញមានអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចម្រុះ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសស្រាក់សស្រាំ យកបំពង់ពន្លត់អគ្គិភ័យ និងជួយទាញស៊ីយ៉ូចេញពីរថយន្តពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ការពារភ្លើងឆេះរាល ហើយពួកគាត់ក៏បាននាំគ្នាចូលរួមទៅក្នុងផ្ទះអ្នកលក់ និងជួយយកសម្ភារៈចេញមកដាក់នៅខាង ក្រៅ កុំឲ្យភ្លើងឆេះឆាបដល់អ្នកដទៃផងដែរ ។ករណីឆេះនេះគឺខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈគ្រឿងអគ្គិសនី មួយចំនួនធំ ។
ជុំវិញករណីនេះដែរលោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការពន្លត់និងសង្គ្រោះអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៣០នេះថា ផ្ទះថ្មចំនួន០២ល្វែង ដែលត្រូវអគ្គិភ័យឆេះនេះ ជាទីតាំងលក់បោះដុំ និងរាយ សម្ភារៈអគ្គិសនីយីហោ សៀមរាបឡៃតិ៍ ហើយជនរងគ្រោះម្ចាស់ផ្ទះ មានឈ្មោះ សាន សុភ័ក្ត្ររស្មី ភេទ ប្រុស អាយុ៣៣ឆ្នាំ។ ចំពោះករណីនេះ មិនមានការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ ហើយសមត្ថកិច្ចបានបាញ់ទឹកការពារមិនឲ្យរាលឆ្លងទៅផ្ទះអ្នកដ៏ទៃបានទាន់ពេលផងដែរ។លោកបញ្ជាក់ថា រហូតដល់ម៉ោង១៥និង៣០នាទីនេះ សមត្ថកិច្ចបានបាញ់ទឹកស្អំបន្ថែមរហូតរលត់និងអស់ផ្សែង។ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកជាង១០គ្រឿង និងប្រើទឹកអស់៤៥ឡាន។លោកបញ្ជាក់ទៀតថា ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕AFN